កំពង់ភ្លុកជាឈ្មោះភូមិបណ្ដែតទឹកដែលជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដោយសារជីវិតលើទឹក ទេសភាពព្រៃកោងកាងដ៏ត្រកាលក្រាលផ្ទៃជលសាជាជម្រកសត្វព្រៃដ៏សម្បូរបែប និងកសិដ្ឋានចិញ្ចឹមក្រពើដ៏កម្រប្រទះ។ ទេសចរដែលបានទៅទីនោះច្រើនចំណាយពេលអុំទូកកម្សាន្ត ទស្សនាកសិដ្ឋានចិញ្ចឹមក្រពើ ការបង់សំណាញ់របស់ប្រជានេសាទ និងជីវភាពរស់នៅក្នុងភូមិរួមមានសាលារៀន វត្តអារាម និងលំនៅឋានបណ្ដែតទឹកគួរជាទីគយគន់។
កំពង់ភ្លុក រួមឡើងដោយភូមិចំនួន បី ចូលគ្នាស្ថិតក្នុងបឹងទន្លេសាប ដែលមានចំងាយប៉ុន្មានប្រហែល ១៦ គម ពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹក ដើមកោងកាងទាំងនោះជាជម្រកសត្វព្រៃច្រើនប្រភេទ។ ភូមិនេះមានអ្នកស្រុករស់នៅចំនួន ៣០០០ នាក់។ ក្នុងបឹងទន្លេសាបសំបូរដោយបក្សីទឹកច្រើនជាង ១០០ ប្រភេទ និង មានត្រីចំនួនច្រើនជាង ២០០ ប្រភេទ រួមទាំងក្រពើ អណ្ដើក ស្វា ភេ ទៀតផង។ នៅខែវស្សាផ្ទៃទឹកបឹងទន្លេសាបមានទំហំដល់ទៅ ១២ ០០០ គីឡូម៉ែត្រក្រឡា តែនៅខែប្រាំងវិញមានទំហំត្រឹមតែ ២៥០០ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ នៅរដូវប្រាំងផ្ទះរបស់ពួកគេនៅលើគោក ដូច្នេះហើយពួកគេត្រូវតែធ្វើផ្ទះបណ្ដោះអាសន្នតាមទឹកដែលស្រកទៅនោះ តែនៅខែវស្សានៅពេលទឹកឡើងពួកគេប្ដូរទីលំនៅមករស់នៅផ្ទះពួកគេវិញ ព្រោះទឹកបឹងបានឡើង មកដល់ និង លិចដល់ភូមិរបស់ពួកគេ។
Tags:
កំសាន្ត